Sunday, April 22, 2012
Friday, April 20, 2012
មេរៀនទី៧ រូបិយវត្ថុនិងហិរញ្ញប្បទាន
និយមន័យច្បាប់អន្ដរជាតិ
ច្បាប់អន្ដរជាតិ គឺជាច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងស្របច្បាប់រវាងរដ្ឋនិងបុគ្គលអន្តរជាតិដ៏ទៃទៀត។
និយមន័យរដ្ឋតាមច្បាប់អន្តរជាតិ
តាមច្បាប់អន្តរជាតិរដ្ឋមួយត្រូវមាន៖
· ទឹកដី
· ប្រជាជន
· រដ្ឋាភិបាល
· អធិបតេយ្យភាព ឬសមត្ថភាពដើម្បីមានទំនាក់ទំនងអន្តរជាតិដោយឯករាជ្យ
រដ្ឋនិងរដ្ឋាភិបាល
រដ្ឋសំដៅលើប្រទេស ឬរដ្ឋាភិបាលនៃប្រទេសនោះ។
រដ្ឋនិងរដ្ឋាភិបាលមិនមែនជារបស់តែមួយទេ។ រដ្ឋាភិបាលគ្រាន់តែជាតួអង្គដែលបំពេញមុខនាទីជួសមុខឲ្យរដ្ឋតែប៉ុណ្ណោះ។
ប្រជាជាតិ
ប្រជាជាតិ ឬហៅថាជាតិសំដៅលើប្រទេសមួយជាពេសេសគិតទោដល់ប្រជាជនចំនួនធំដែលកំពុងរស់នៅក្នុងទីតាំងមួយមានរដ្ឋាភិបាល ភាសា ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់។
រដ្ឋនិងប្រជាជាតិ
ប្រជាជាតិមួយអាចត្រូវបានទទួលស្គាល់ថាជារដ្ឋ ទោះបីប្រជាជាតិនោះមិនមែនជារដ្ឋក៏ដោយ។
អង្គមួយជារដ្ឋ ឬមិនមែនរដ្ឋ គឺជាការនិយាយអំពីទំនាក់ទំនងស្របច្បាប់រវាងរដ្ឋមួយជាមួយរដ្ឋដ៏ទៃទៀត។ តាមការអនុវត្តកន្លងមក ទំនាក់ទំនងអាចកើតមានបានអាស្រ័យលើការទទួលស្គាល់ភាពជារដ្ឋរវាងគ្នានឹងគ្នាទៅវិញទៅមក។ នេះមានន័យថា រដ្ឋខ្លះអាចមិនទទួលស្គាល់ភាពជារដ្ឋនៃ “រដ្ឋ” ដ៏ទៃទៀតបាន។ ជាលទ្ធផលរដ្ឋទាំងនោះមិនអាចបង្កើតទំនាក់ទំនងស្របច្បាប់ជាមួយគ្នាក្នុងឋានៈជារដ្ឋបានឡើយ។
មូលនិធិរូបិយវត្ថុអន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិជាអ្វី?
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា អាយអឹមអែហ្វ (IMF) គឺជាអង្គការមួយដែលមានសមាជិក ១៨៧ប្រទេសធ្វើការដើម្បីរក្សារសហប្រតិបត្តិការរូបិយវត្ថុពិភពលោក រៀបចំស្ថេរភាពហិរញ្ញវត្ថុ សម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ភាពមានការងារធ្វើ និងនិរន្តភាពនៃការលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រីដែលមាននៅទូទាំងពិភពលោក។
ប្រវត្តិកំណើតស្ថាប័ន
ងង្គសន្និសីទ រយៈពេល២២ថ្ងៃ (១ដល់២២ កក្កដា ឆ្នាំ១៩៤៤) បានព្រមព្រៀងបង្កើតធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍដែលបច្ចុប្បន្នក្លាយជាផ្នែកមួយនៃធនាគារពីភពលោក កិច្ចព្រមព្រៀងទូទៅលើពន្ធគយ និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
លទ្ធផលនៃអង្គសន្និសីទ គឺការបង្កើតបាន “ការគ្រប់គ្រងអត្រាប្ដូរបា្រក់តាមប្រព័ន្ធប៊្រីតុនវូដស៌ (Bretton Woods)” ដែលបានអនុវត្តរហូតដល់ដើមទសវត្សរ៌ឆ្នាំ ១៩៧០។ ការគ្រប់គ្រងអត្រាប្ដូរបា្រក់តាមប្រព័ន្ធប្រ៊ីតុនវូដស៌ មានលក្ខណៈសម្គាល់បួនយ៉ាងដូចខាងក្រោម៖
1. ការប្ដូរប្រាក់តាមរបបអត្រាចងភ្ជាប់មួយប្រភេទដែលជាបន្សំរវាងអត្រាប្ដូរប្រាក់សេរីនិងអត្រាប្ដូរបា្រក់ថេរមិនអាចប្ដូរបាន
2. មានប្រព័នធានាសម្រាប់ការផ្គត់ផ្គង់រូបិយវត្ថុបម្រុងដោយគ្រប់គ្រាន់
3. មានបម្រាមចំពោះការរើសអើងរូបិយវត្ថុ ឬនិយតកម្មក្នុងការប្ដូរប្រាក់ដើម្បីចៀសវាងប្រភេទសង្គ្រាមសេដ្ឋកិច្ចដែលបានកើតមានឡើងពីទសវត្សរ៌ឆ្នាំ១៩៣០
4. គឺជាវេទិកាសម្រាប់សហប្រតិបត្តិការអន្តរជាតិអំពីបញ្ហារូបិយវត្ថុ
ក្រោយពីមានការផ្លាស់ប្ដូររបៀគ្រប់គ្រងអត្រាប្ដូរបា្រក់តាមប្រព័ន្ធប្រ៊ីតុនវូដស៌ ដើមទសវត្សរ៌ឆ្នាំ៧០ មូលនិធិអន្តរជាតិប្ដូរទិសដៅការងាររបស់ខ្លួន ដោយផ្ដោតសំខាន់លើការងារទ្រទ្រង់ហិរញ្ញវត្ថុ ដែលឧបត្ថម្ភជាប្រាក់កម្ចីដល់បណ្ដាប្រទេសសមាជិកដែលមានបញ្ហាក្នុងការទូទាត់ថ្លៃទំនិញដោយទិញពីបណ្ដាប្រទេសនានា ដែលនាំទៅដល់ការធ្វើឲ្យបាត់ស្ថេរភាពរូបិយវត្ថុនិងផ្ដល់ការឧបត្ថម្ភសម្រាប់ជញ្ជីងទូទាត់ទៅប្រទេសកំពុងអភិវឌ្ឍ។
ភារកិច្ចចម្បង
ភារកិច្ចចម្បង និងជាការទទួលខុសត្រូវសំខាន់បំផុតរបស់អាយអឹមអែហ្វ គឺត្រូវផ្ដល់កម្ចីដល់បណ្ដាប្រទេសជាសមាជិកទាំងឡាយដែលជួបវិបត្តិអតុល្យភាពក្នុងការចំណាយ។
រចនាសម្ព័ន្ធគ្រប់គ្រងនិងការងារប្រចាំថ្ងៃ
រចនាសម្ព័នគ្រប់គ្រងរបស់អាយអឹមអែហ្វ
1. ក្រុមប្រឹក្សាអភិបាលៈ គឺជាអង្គភាពខ្ពស់បំផុតរបស់អាយអឹមអែហ្វសម្រាប់ការធ្វើសេចក្ដីសម្រេច។
2. ក្រុមប្រឹក្សាប្រតិបត្តិៈ មានសមាជិក២៤រូបដែលមានភារៈមើលការខុសត្រុវកិច្ចការប្រចាំថ្ងៃរបស់អាយអឹមអែហ្វ។
3. នាយកគ្រប់គ្រងៈ ជាអ្នកនាំមុខបុគ្គលិកនិងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ។
ការងារប្រចាំថ្ងៃរបស់អាយអឹមអែហ្វ
· ឃ្លាំមើលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក ដើម្បីដាស់តឿនឲ្យស្វែងរកនិងពង្រីកចំណេះដឹងនិងបទពិសោធ និងដើម្បីផ្ដល់ការណែនាំខាងគោលនយោបាយ
· ផ្ដល់ប្រាកកម្ចីដល់បណ្ដាប្រទេសជាសមាជិកដែលស្ថិតក្នុងការលំបាក ព្រមទាំងផ្ដល់ជំនួយផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលដើម្បីជួយកែលម្អការគ្រប់គ្រងសេដ្ឋកិច្ច
· ធើ្វការជាមួយអង្គការអន្តរជាតិនានា ដើម្បីជម្រុញការរីកលូតលាស់ និងកាត់បន្ថយភាពក្រីក្រ ហើយក៏មានទំនាក់ទំនងជាមួយក្រុម ឬអង្គការដែលផ្ដល់ដំបូន្មាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីការផ្សារប្រចាំថ្ងៃផងដែរ
ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន
អង្គការអាយអឹមអែហ្វកំពុងធ្វើការងារលើវិស័យនាំមុខសំខាន់ៗជាច្រើន ដើម្បីជួយប្រទេសជាសមាជិកក្នុងការប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក។
ជំនួយផ្នែកបច្ចេកទេស
ផ្ដល់ដំបូន្មានផ្នែកគោលនយោបាយទៅកាន់ប្រទេសនិងតំបន់ទាំងឡាយ។
ហិរញ្ញប្បទាន
· ផ្ដល់កម្ចីដល់ប្រទេសជាសមាជិកដែលមានកង្វល់ដោយបញ្ហាចំណាយអន្តរជាតិ ហើយមិនអាចរកថវិកាឲបានគ្រប់គ្រាន់តាមលក្ខខណ្ឌដែលមាន
· ជំនួយផ្នែកថវិកាត្រូវបានកំណត់ដើម្បីជួយប្រទេសទាំងនោះឲរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការកសាងឡើងវិញនូវទុនបម្រុងអន្ដរជាតិ ការរក្សាលំនឹងរូបិយប័ណ្ណ និងការចំណាយក្នុងការនាំចូល
· ផ្ដល់កម្ចីសម្បទានដល់ប្រទេសដែលមានចំណូលទាប ដើម្បីជួក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ
Wednesday, April 11, 2012
ជំពូកទី២ ហិរញ្ញវត្ថុនិងធនាគារ
មេរៀនទី៦ ស្ថាប័នហិរញ្ញវត្ថុ
និយមន័យ
គោលនយោបានរូបិយវត្ថុៈ គឺជាឧបករណ៌មួយប្រភេទរបស់នយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានស្លឹមសារទាក់ទងនឹងការគ្រប់គ្រង ការផ្គត់ផ្គង់រូបិយវត្ថុ និងឥណទានគិតជាចំនួនសរុបក្នុងប្រព័ន្ធហិរញ្ញវត្ថុ គឺសំដៅលើការព្យាយាមរក្សាលំនឹងសេដ្ឋកិច្ចឲ្យមានដំណើរការផលិតកម្មពេញលេញ និងគ្មានអតិផរណា។
រចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺប្រព័ន្ធដែលគ្របដណ្ដប់លើស្ថាប័នហិរញ្ញវត្ថុ ក្នុងនោះមានធនាគារកណ្ដាល ធនាគារពាណិជ្ជកម្ម ធនាគារអភិវឌ្ឍ ផ្សារទុន និងស្ថាប័នឧបករណ៌ហិរញ្ញវត្ថុផ្សេងៗទៀត។ វាបង្ហាញឲ្យឃើញពីរបៀបរៀបចំស្ថាប័នហិរញ្ញវត្ថុ និងគោលនយោបាយនិយ័តកម្មដែលជាតម្រូវការចំាបាច់ក្នុងការធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចទាំងមូលមានដំណើរការកាន់តែល្អប្រសើរឡើង។
ដំណើរការប្រព័ន្ធហិរញ្ញវត្ថុ និងការផ្ដល់សេវាកម្មសំខាន់ៗ
ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនភាគច្រើន មានប្រព័ន្ធពីរដែលមានលក្ខណៈស្របគ្នាសម្រាប់កៀងគរ និងបែងចែកធនធានសេដ្ឋកិច្ច គឺប្រព័ន្ធសារពើពន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ។
· ប្រព័ន្ធសារពើពន្ធៈ មានតួនាទីគ្រប់គ្រងពន្ធដារ និងចំណាយរបស់រដ្ឋាភិបាល។ តាមរយៈប្រព័ន្ធសារពើពន្ធនេះ រដ្ឋាភិបាលអាចប្រមូលពន្ធពីគ្រួសារ និងសហគ្រាសផ្សេងៗហើយធ្វើការចំណាយមូលនិធិដែលប្រមូលបាននេះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគម្រោងផែនការផ្សេងៗរបស់រដ្ឋ ដូចជាការសាងសង់ ឬជួសជុលផ្លូវថ្នល់ និងស្ពានជាដើម។
· ប្រព័ន្ធហិរញ្ញវត្ថុៈ មានតួនាទីកៀងគរប្រាក់បញ្ញើដោយស្ម័គ្រចិត្ត ហើយបែងចែកប្រាក់បញ្ញើទាំងនោះទៅឲ្យសហគ្រាស ឬអង្គភាពទាំងឡាយណាដែលមានបំណងវិនិយោគទុន។
សេវាសំខាន់ៗ ៣យ៉ាងរបស់ប្រព័ន្ធហិរញ្ញវត្ថុគឺ ការរៀបចំមធ្យោបាយទូទាត់ ការកៀងគរធនធាន និងការបែងចែកធនធាន។
ការរៀបចំមធ្យោបាយទូទាត់
មធ្យោបាយទូទាត់ត្រូវតែមានលក្ខណៈទំនើប នៅពេលពាណិជ្ជកម្មក្នុងប្រទេសមានការរីកកាន់តែទូលាយពីពាណិជ្ជកម្មក្នុងស្រុកទៅកាន់ពាណិជ្ជកម្មក្នុងតំបន់ ឬពីពាណិជ្ជកម្មជាតិទៅកាន់ពាណិជ្ជកម្មអន្តរជាតិ។
ការកៀងគរមូលនិធិ
ការកៀគរមូលនិធិ គឺការប្រមូលប្រាក់សន្សំដោយស្ម័គ្រចិត្តក្រោមរូបភាពជាទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់បង្កើតទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្ម។
ទ្រព្យសកម្មហិរញ្ញវត្ថុអាចជាធនធានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសាជីវកម្មដែលរកបានតាមរយៈការចេញលក់មូលប័ត្រទីផ្សារមានដូចជា សន្លឹកហ៊ុន ប័ណ្ណបំណុល ប័ណ្ណរតនាគារ ប្រកាសនីយប័ត្របំណុល ប័ណ្ណឥណទេយ្យ ឬគណនីឥណទេយ្យជាដើម។
ភាពទាក់ទាញនៃទ្រព្យសកម្មហិរញ្ញវត្ថុ
ទ្រព្យសកម្មហិរញ្ញវត្ថុមានភាពទាក់ទាញតាមរយៈការរំលេចឲ្យឃើញភាពងាយស្រួលក្នុងការប្រើប្រាស់ ឬលទ្ធភាពប្រើប្រាស់និងទិន្នផលធៀបរវាងទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មផ្សេងៗទៀតជាមួយនឹងកម្រិតហានិភ័យក្នុងការថែរក្សាទ្រព្យធនទាំងនោះ។
ទិន្នផលទ្រព្យសកម្មហិរញ្ញវត្ថុ
ទិន្នផលទ្រព្យសកម្មហិរញ្ញវត្ថុប្រែប្រួលទៅតាមថ្លៃ។ ប្រសិនបើថ្លៃកើនឡើងនោះបរិមាណទំនិញ ឬសេវាដែលអាចទិញបានដោយព្រព្យសកម្មហិរញ្ញវត្ថុនឹងថយចុះ។
អ្វីដែលជាកង្វល់របស់ប្រជាជននោះគឺ ទិន្នផលពិត និងអត្រាការប្រាក់ពិត។ ទិន្នផលពិត គឺផលដករវាងទិន្នផលមានតែនាមនិងបម្រែបម្រួលថ្លៃ។ អត្រាការប្រាក់ពិត គឺផលដករវាងអត្រាការប្រាក់មានតែនាម និងបម្រែបម្រួលថ្លៃ។ ដូចនេះ ក្នុងការផ្ដល់ទិន្នផលទ្រព្យសកម្មហិរញ្ញវត្ថុ គេត្រូវគិតគូរពីបម្រែបម្រួលថ្លៃនិងកម្រិតឥទ្ធិពលរបស់វាទៅលើតម្លៃទ្រព្យធនហិរញ្ញវត្ថុ។
កម្រិតហនិភ័យ
ជាទួទៅ កម្រិតហានិភ័យមានទំនាក់ទំនងទៅនឹងការកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ។ នៅក្នុងប្រទេសអភិវឌ្ឍ រូបិយប័ណ្ណ និងប្រាក់បញ្ញើក្នុងធនាគារពាណិជ្ជកម្មនានាជាទ្រព្យធនដែលគ្មាន ឬមានហានិភ័យទាប។
ឥណទេយ្យភាគហ៊ុនសហគ្រាសៈ គឺជាមូលប័ត្រផ្ដល់សិទ្ធិដល់ម្ចាស់ភាគហ៊ុន ឬអ្នកកាន់ប័ណ្ណបំណុលក្នុងការទារបំណុលដោយតម្រូវឲ្យក្រុមហ៊ុនសាជីវកម្មទូទាត់សងភាគលាភដែលក្រុមហ៊ុនជំពាក់ ឬការប្រាក់ ឬប្រាក់កម្ចីដែលដល់កំណត់សង។
ឥណទេយ្យហិរញ្ញវត្ថុៈ គឺជាបំណុល ឬកាតព្វកិច្ចដែលសាជីវកម្មត្រូវទូទាត់ភាគលាភ ដល់ម្ចាស់ភាគហ៊ុន និងទូទាត់ការប្រាក់ព្រមទាំងប្រាក់ដើមនៃបំណុលដែលត្រូវដល់ពេលកំណត់សងដល់អ្នកាន់ប័ណ្ណបំណុល ឬម្ចាស់បំណុលផ្សេងៗដែលមានជាប់ជាមួយនឹងកម្រិតហានិភ័យ។
ការបែងចែកធនធាន
ប្រទេសផ្សេងគ្នាជ្រើសរើសដំណោះស្រាយផ្សេងគ្នាចំពោះបញ្ហាបែងចែកធនធាន។ រដ្ឋក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើនតែងផ្ដោតការយកចិត្តទុកដាក់ទៅលើការធ្វើអន្ដរាគមន៌ក្នុងការបែងចែកធនធាន។
នៅក្នុងករណីមានការអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុធ្វើសេចក្ដីសម្រេចអំពីរបៀបបែងចែកឥណទាន គេនឹងបែងចែកធនធានដែលមានទៅឲ្យសហគ្រាសណាដែលមានអត្រាចំណូលហិរញ្ញវត្ថុខ្ពស់ជាងគេ ពោលគឺសហគ្រាសដែលមានមូលដ្ឋានប្រាក់ចំណេញខុសគ្នាពីអត្រាចំណូលសេដ្ឋកិច្ច។ មានន័យថា ស្ថាប័នហិរញ្ញវត្ថុបែបវិមជ្ឈការអាចបែងចែកឥណទានយ៉ាងមានប្រសិទ្ធិភាពទៅឲ្យគម្រោងវិនិយោគ តែក្នុងករណីដែលថ្លៃវត្ថុធាតុដើមនិងថ្លៃផលិតផលមានលក្ខណៈសមស្របប៉ុណ្ណោះ ពីព្រោះការវិនិយោគខ្លះអាចចំណេញដោយសារតែមានការឧបត្ថម្ភយ៉ាងច្រើនដល់តម្លៃវត្ថុធាតុដើមដែលសហគ្រាសប្រើប្រាស់ក្នុងការវិនិយោគប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យមានការអន្ដរាគមន៌ពីរដ្ឋក្នុងការបែងចែកហិរញ្ញវត្ថុ គឺដោយសារទីផ្សារហិរញ្ញវត្ថុមិនមានដំណើរការពេញលេញ។ ភាពមិនពេញលេញពីរយ៉ាងដែលកើតមានក្នុងទីផ្សារហិរញ្ញវត្ថុភាគច្រើន៖
· ស្ថាប័នហិរញ្ញវត្ថុមានមូលដ្ឋានក្នុងទីប្រជុំជនមិនចង់ផ្ដល់កម្ចីទៅឲ្យផ្នែកកសិកម្ម។
· រដ្ឋធ្វើអន្ដរាគមន៌ក្នុងការបែងចែកឥណទានជាទូទៅ ក្នុងគោលបំណងលើកទឹកចិត្តឲ្យមានការផ្ដល់មូលនិធិចំពោះផ្នែក ឬតំបន់ដែលមានអាទិភាពខ្ពស់។
ប្រភេទផ្សេងៗនៃស្ថាប័នហិរញ្ញវត្ថុ និងតួនាទី
ធនាគារកណ្ដាល
ធនាគារកណ្ដាលមានតួនាទី៖
· ទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន និងរូបិយវត្ថុសរុបក្នុងប្រព័ន្ធទាំងមូល
· គ្រប់គ្រងនិងត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុដ៏ទៃទៀតដោយប្រុងប្រយ័ត្នដើម្បីធានាថាស្ថាប័នហិរញ្ញវត្ថុនានាបានគោរពតាមច្បាប់ និងមានការគ្រប់គ្រងដើម្បីភាពរឹងមាំ និងសុខុមាលភាព ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន
· គ្រប់គ្រងអត្រាការប្រាក់ដែលជាការរួមចំណែកគ្រប់គ្រងអតិផរណា
ធនាគារពាណិជ្ជ
ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុធំៗដែលជាអ្នកបង្កើតដ៏សំខាន់នូវប្រាក់បញ្ញើតាមតម្រូវការ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើសន្សំ។
ធនាគារអភិវឌ្ឍន៌
ធនាគារអភិវឌ្ឍន៌ មានច្រើននៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ស្ថាប័ននេះមានតួនាទីតិចតួចក្នុងការប្រមូលប្រាក់បញ្ញើ។ ធនាគារអភិវឌ្ឍទទួលខុសត្រូវក្នុងការផ្ដល់ទ្រព្យសកម្មរយៈពេលវែងឲ្យវិនិយោគិន តាមរយៈការផ្ដល់កម្ចីរយៈពេលវែងជាមួលដ្ឋានហិរញ្ញប្បទានសម្រាប់ការវិនិយោគ។ ជាទូទៅធនាគារអភិវឌ្ឍន៌ ពុំសូវទទួលជោគជ័យក្នុងការប្រមូលទុនទេ លើកលែងទុនដែលបានមកពីរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុពហុភាគី។
ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនផ្សេងៗ
នៅប្រទេសភាគច្រើន មានប្រភេទស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដូចជាក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុនហ៊ុនភតិសន្យា (ក្រុនហ៊ុនស៊ីឈ្នួល)ជាដើម។
ទីផ្សារមូលប័ត្រ
ទីផ្សារមូលប័ត្រ គឺជាប្រភេទហិរញ្ញវត្ថុដែលមិនឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុ ប៉ុន្ដែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្ដល់កម្ចី និងកម្ចីសម្រាប់ការផ្ដល់វិនិយោគ។
ទីផ្សារមូលប័ត្រ ឬទីផ្សារភាគហ៊ុន គឺជាទីកន្លែងដែលដឹកនាំមូលនិធិក្រោមរូបភាពលក់ឬទិញភាគហ៊ុនពីបុគ្គល ឬអង្គភាពអាជីវកម្មដែលគ្មានឳកាសប្រើប្រាស់វា ដើម្បីផ្ដល់ទុនវិនិយោគឲ្យបុគ្គល ឬអង្គភាពអាជីវកម្មដែលមានឳកាសវិនិយោគតែពួកគេខ្វះទុន។
បណ្ដាញផ្សេងៗ
ឥណទានពាណិជ្ជកម្ម គឺជាប្រភពហិរញ្ញវត្ថុមួយផ្សេងទៀត (ការទិញទំនិញជំពាក់)។
ទិដ្ឋភាពមួយទៀតអំពីការផ្ដល់ឥណទាន គឺប្រព័ន្ធឲ្យខ្ចីប្រាក់ក្រៅផ្លូវការ។ ការចងការប្រាក់ គឺជាផ្នែកសំខាន់មួយនៃហិរញ្ញវត្ថុក្នុងសហគមន៌ជនបទ។
ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុ
ថ្លៃដើមសេវាហិរញ្ញវត្ថុ
មធ្យោបាយដើម្បីបង្កើនការកៀងគរមូលធនក្នុងស្រុក គឺការធ្វើឲ្យអត្រាការប្រាក់ជាក់ស្ដែងខ្ពស់ជាងមុនដែលធ្វើឲ្យមានការទាក់ទាញអ្នកផ្ញើប្រាក់ក្នុងស្រុកឲ្យងាកមករក្សាទ្រព្យធននៅក្នុងស្ថាប័នហិរញ្ញវត្ថុ។
ហេដ្ឋារចនាសម្ព័ន្ធធានាជោគជ័យ
ដើម្បីធានាជោគជ័យ ប្រព័ន្ធហិរញ្ញវត្ថុត្រូវមានព័ត៌មានអំពីប្រព័ន្ធគណនីនិងសវនកម្ម គោលការណ៌ច្បាប់ និយ័តកម្ម បម្រុងប្រយ័ត្ន និងការត្រួតពិនិត្យហិរញ្ញវត្ថុ។
1. ព័ត៌មានៈ អំពីប្រព័ន្ធគណនេយ្យ និងសវនកម្ម
2. កិច្ចសន្យាហិរញ្ញវត្ថុៈ គឺជាកិច្ចសន្យាមានកាលកំណត់ ពោលគឺរូបិយវត្ថុដែលត្រូវបានឲ្យខ្ចីសម្រាប់រយៈពេលមួយជាកំណត់ មិនត្រូវទារឲ្យសងមុនកាលកំណត់ឡើយ
3. បទបញ្ជាប្រុងប្រយ័ត្នៈ គឺជាវិធានការណ៌ដែលដាក់ចេញដោយធនាគារកណ្ដាលដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ស្ថាប័នហិរញ្ញវត្ថុ។
4. អត្រាការប្រាក់ជាថ្លៃៈ អត្រាការប្រាក់ គឺជាថ្លៃដែលត្រូវទទួលបាន ឬចំណាយសម្រាប់ការវិនិយោគ ឬប្រើប្រាស់មូលនិធិនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
5. ការបងើ្កតទីផ្សារហិរញ្ញវត្ថុៈ វាមានការលំបាកច្រើនក្នុងការបង្កើតទីផ្សារហិរញ្ញវត្ថុ តែគេអាចចាប់ផ្ដើមពីការបង្កើតទីផ្សារហិរញ្ញវត្ថុដែលងាយបង្កើតជាងគេបំផុតគឺ ទីផ្សារប័ណ្ណ៕
Subscribe to:
Posts (Atom)