Wednesday, April 11, 2012

ជំពូកទី២ ហិរញ្ញវត្ថុនិងធនាគារ

មេរៀនទី​៦ ស្ថាប័ន​ហិរញ្ញ​វត្ថុ



និយមន័យ
គោល​នយោបាន​រូបិយវត្ថុៈ គឺ​ជា​ឧបករណ៌​មួយ​ប្រភេទ​របស់​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដែល​មាន​ស្លឹម​សារ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង ការ​ផ្គត់​ផ្គង់​រូបិយវត្ថុ​ និង​ឥណទានគិត​ជា​ចំនួន​សរុប​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ គឺ​សំដៅ​លើ​ការ​ព្យាយាម​រក្សា​លំនឹង​សេដ្ឋកិច្ច​ឲ្យ​មាន​ដំណើរ​ការ​ផលិតកម្ម​ពេញលេញ និង​គ្មាន​អតិផរណា។

រចនា​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ គឺ​ប្រព័ន្ធ​ដែល​គ្រប​ដណ្ដប់​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ ក្នុង​នោះ​មាន​ធនាគារ​កណ្ដាល ធនាគារ​ពាណិជ្ជកម្ម ធនាគារ​អភិវឌ្ឍ ផ្សារ​ទុន និង​ស្ថាប័ន​ឧបករណ៌​ហិរញ្ញវត្ថុ​ផ្សេងៗទៀត។  វា​បង្ហាញ​ឲ្យ​ឃើញ​ពីរបៀប​រៀប​ចំ​ស្ថាប័ន​ហិរញ្ញ​វត្ថុ និង​គោល​នយោបាយ​និយ័តកម្ម​ដែល​ជា​តម្រូវ​ការ​ចំា​បាច់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំងមូល​មាន​ដំណើរ​ការ​កាន់​តែ​ល្អប្រសើរ​ឡើង។

ដំណើរ​ការ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ និង​ការ​ផ្ដល់​សេវាកម្ម​សំខាន់ៗ
ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ភាគ​ច្រើន​ មាន​ប្រព័ន្ធ​ពីរ​ដែល​មាន​លក្ខណៈ​ស្រប​គ្នា​សម្រាប់​កៀងគរ និង​បែង​ចែក​ធនធាន​សេដ្ឋកិច្ច គឺ​ប្រព័ន្ធ​សារពើពន្ធ និង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ។
·         ប្រព័ន្ធ​សារពើពន្ធៈ មាន​តួនាទី​គ្រប់​គ្រង​ពន្ធដារ និង​ចំណាយ​របស់​រដ្ឋាភិបាល។ តាម​រយៈ​ប្រព័ន្ធ​សារពើពន្ធ​នេះ រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​ពី​គ្រួសារ និង​សហគ្រាស​ផ្សេងៗ​ហើយ​ធ្វើ​ការ​ចំណាយ​មូលនិធិ​ដែល​ប្រមូល​បាន​នេះ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​អនុវត្ត​គម្រោង​ផែនការ​ផ្សេងៗ​របស់​រដ្ឋ ដូច​ជាការ​សាង​សង់ ឬ​ជួស​ជុល​ផ្លូវ​ថ្នល់ និងស្ពាន​ជាដើម។
·         ប្រព័ន្ធ​ហិរញ្ញ​វត្ថុៈ មាន​តួនាទី​កៀងគរ​ប្រាក់​បញ្ញើ​ដោយ​ស្ម័គ្រចិត្ត ហើយ​បែង​ចែក​ប្រាក់​បញ្ញើ​ទាំង​នោះ​ទៅ​ឲ្យ​សហគ្រាស ឬ​អង្គភាព​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​វិនិយោគទុន។

សេវា​សំខាន់ៗ​ ៣យ៉ាង​របស់​ប្រព័ន្ធ​ហិរញ្ញ​វត្ថុគឺ ការ​រៀប​ចំ​មធ្យោ​បាយ​ទូទាត់ ការ​កៀង​គរ​ធនធាន និង​ការ​បែង​ចែក​ធនធាន។

ការរៀបចំមធ្យោបាយ​ទូទាត់
មធ្យោបាយ​ទូទាត់​ត្រូវ​តែមាន​លក្ខណៈ​ទំនើប នៅពេលពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​មាន​ការរីក​កាន់តែ​ទូលាយ​ពីពាណិជ្ជកម្ម​ក្នុង​ស្រុក​ទៅ​កាន់​ពាណិជ្ជកម្ម​ក្នុង​តំបន់ ឬពី​ពាណិជ្ជកម្ម​ជាតិ​ទៅកាន់​ពាណិជ្ជកម្ម​អន្តរជាតិ។

ការ​កៀង​គរ​មូល​និធិ
ការកៀគរ​មូលនិធិ គឺ​ការ​ប្រមូល​ប្រាក់​សន្សំ​ដោយ​ស្ម័គ្រចិត្ត​ក្រោម​រូប​ភាព​ជា​ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ​សម្រាប់​បង្កើត​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម។

ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ​អាចជា​ធនធាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​សាជីវកម្ម​ដែល​រក​បាន​តាម​រយៈ​ការ​ចេញ​លក់​មូលប័ត្រ​ទី​ផ្សារ​មាន​ដូច​ជា សន្លឹក​ហ៊ុន ប័ណ្ណ​បំណុល ប័ណ្ណ​រតនាគារ ប្រកាស​នីយប័ត្រ​បំណុល ប័ណ្ណ​ឥណទេយ្យ ឬ​គណនី​ឥណទេយ្យ​ជាដើម។

ភាព​ទាក់ទាញ​នៃ​ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ
ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ​មាន​ភាព​ទាក់​ទាញ​តាម​រយៈការ​រំលេច​ឲ្យ​ឃើញ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ឬ​លទ្ធភាព​ប្រើ​ប្រាស់​និង​ទិន្នផល​ធៀប​រវាង​ទ្រ​ព្យ​សកម្ម​ហិរញ្ញ​វត្ថុ ឬ​ទ្រព្យ​សកម្ម​ផ្សេងៗ​ទៀត​ជាមួយ​នឹង​កម្រិត​ហានិភ័យ​ក្នុ​ងការ​ថែរក្សា​ទ្រព្យ​ធន​ទាំង​នោះ។

ទិន្ន​ផល​ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ
ទិន្ន​ផល​ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ​ប្រែ​ប្រួល​ទៅ​តាម​ថ្លៃ។ ប្រសិន​បើ​ថ្លៃ​កើន​ឡើង​នោះ​បរិមាណ​ទំនិញ ឬ​សេវា​ដែល​អាច​ទិញ​បាន​ដោយ​ព្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ​នឹង​ថយ​ចុះ។

អ្វី​ដែល​ជា​កង្វល់​របស់​ប្រជាជន​នោះគឺ ទិន្ន​ផល​ពិត និង​អត្រា​ការ​ប្រាក់​ពិត។ ទិន្ន​ផល​ពិត​ គឺ​ផល​ដករវាង​ទិន្ន​ផល​មាន​តែ​នាម​និង​បម្រែ​បម្រួល​ថ្លៃ។ អត្រាការ​ប្រាក់​ពិត គឺ​ផល​ដក​រវាង​អត្រាការប្រាក់​មាន​តែ​នាម និង​បម្រែបម្រួល​ថ្លៃ។ ដូចនេះ​ ក្នុង​ការ​ផ្ដល់​ទិន្នផល​ទ្រព្យ​សកម្ម​ហិរញ្ញវត្ថុ គេ​ត្រូវ​គិត​គូរ​ពី​បម្រែ​បម្រួល​ថ្លៃ​និង​កម្រិត​ឥទ្ធិពល​របស់​វា​ទៅ​លើ​តម្លៃ​ទ្រព្យ​ធនហិរញ្ញវត្ថុ។

កម្រិតហនិភ័យ
ជា​ទួទៅ កម្រិត​ហានិភ័យ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​កាន់​កាប់​ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ។ នៅ​ក្នុង​ប្រ​ទេស​អភិវឌ្ឍ រូបិយប័ណ្ណ និង​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​ពាណិជ្ជកម្ម​នានា​ជាទ្រព្យ​ធន​ដែល​គ្មាន​ ឬ​មាន​ហានិភ័យ​ទាប។

ឥណទេយ្យ​ភាគ​ហ៊ុន​សហគ្រាសៈ គឺ​ជា​មូលប័ត្រ​ផ្ដល់​សិទ្ធិ​ដល់​ម្ចាស់​ភាគ​ហ៊ុន ឬអ្នក​កាន់​ប័ណ្ណ​បំណុល​ក្នុ​ងការ​ទារ​បំណុល​ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ទូទាត់​សង​ភាគលាភ​ដែល​ក្រុមហ៊ុន​ជំពាក់ ឬ​ការ​ប្រាក់​ ឬ​ប្រាក់​កម្ចី​ដែល​ដល់​កំណត់​សង។

ឥណទេយ្យ​ហិរញ្ញវត្ថុៈ គឺ​ជា​បំណុល​ ឬ​កាតព្វកិច្ច​ដែល​សាជីវកម្ម​ត្រូវ​ទូទាត់​ភាគ​លាភ ដល់​ម្ចាស់​ភាគ​ហ៊ុន និង​ទូទាត់​ការ​ប្រាក់​ព្រមទាំង​ប្រាក់​ដើម​នៃ​បំណុល​ដែល​ត្រូវ​ដល់​ពេល​កំណត់​សង​ដល់​អ្ន​កាន់​ប័ណ្ណ​បំណុល ឬ​ម្ចាស់​បំណុល​ផ្សេងៗ​ដែល​មាន​ជាប់​ជាមួយ​នឹង​កម្រិត​ហានិភ័យ។

ការ​បែង​ចែក​ធនធាន
ប្រទេស​ផ្សេង​គ្នា​ជ្រើសរើស​ដំណោះ​ស្រាយ​ផ្សេង​គ្នា​ចំពោះ​បញ្ហា​បែង​ចែក​ធនធាន។ រដ្ឋ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​អន្ដរាគមន៌​ក្នុ​ងការ​បែង​ចែក​ធនធាន។

នៅ​ក្នុ​ងករណី​មាន​ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធ្វើ​សេចក្ដី​សម្រេច​អំពីរបៀប​បែង​ចែក​ឥណទាន  គេ​នឹង​បែង​ចែក​ធន​ធាន​ដែល​មាន​ទៅ​ឲ្យ​សហគ្រាស​ណា​ដែល​មាន​អត្រា​ចំណូល​ហិរញ្ញវត្ថុ​ខ្ពស់​ជាង​គេ ពោល​គឺ​សហគ្រាស​ដែល​មាន​មូលដ្ឋាន​ប្រាក់​ចំណេញ​ខុស​គ្នា​ពី​អត្រា​ចំណូល​សេដ្ឋកិច្ច​។ មាន​ន័យ​ថា ស្ថាប័ន​ហិរញ្ញ​វត្ថុ​បែប​វិមជ្ឈការ​អាច​បែង​ចែក​ឥណទាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ទៅ​ឲ្យ​គម្រោង​វិនិយោគ តែ​ក្នុង​ករណី​ដែល​ថ្លៃ​វត្ថុ​ធាតុដើម​និង​ថ្លៃ​ផលិតផល​មាន​លក្ខណៈ​សម​ស្រប​ប៉ុណ្ណោះ ពី​ព្រោះ​ការ​វិនិយោគ​ខ្លះ​អាច​ចំណេញ​ដោយ​សារ​តែ​មាន​ការ​ឧបត្ថម្ភ​យ៉ាង​ច្រើន​ដល់​តម្លៃ​វត្ថុ​ធាតុ​ដើមដែល​សហគ្រាស​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​ប៉ុណ្ណោះ។

មូលហេតុ​ដែល​នាំ​ឲ្យមាន​ការ​អន្ដរាគមន៌​ពី​រដ្ឋ​ក្នុង​ការ​បែងចែក​ហិរញ្ញវត្ថុ គឺ​ដោយ​សារ​ទីផ្សារ​ហិរញ្ញ​វត្ថុ​មិន​មាន​ដំណើរការ​ពេញ​លេញ។ ភាព​មិន​ពេញ​លេញ​ពី​រយ៉ាង​ដែល​កើត​មាន​ក្នុ​ងទីផ្សារ​ហិរញ្ញ​វត្ថុ​ភាគ​ច្រើន៖
·         ស្ថាប័ន​ហិរញ្ញ​វត្ថុ​មាន​មូលដ្ឋាន​ក្នុង​ទី​ប្រជុំ​ជន​មិន​ចង់​ផ្ដល់​កម្ចី​ទៅ​ឲ្យ​ផ្នែក​កសិកម្ម។
·         រដ្ឋ​ធ្វើ​អន្ដរាគមន៌​ក្នុង​ការ​បែង​ចែក​ឥណទាន​ជា​ទូទៅ​ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្ដល់​មូលនិធិ​ចំពោះ​ផ្នែក ឬ​តំបន់​ដែល​មាន​អាទិភាព​ខ្ពស់។

ប្រភេទ​ផ្សេងៗនៃ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​តួនាទី
ធនាគារ​កណ្ដាល
ធនាគារកណ្ដា​ល​មាន​តួនាទី៖
·         ទទួលខុសត្រូវ​ក្នុងការ​គ្រប់​គ្រងឥណទាន និង​រូបិយវត្ថុ​សរុប​ក្នុង​ប្រព័ន្ធ​ទាំង​មូល
·         គ្រប់​គ្រង​និង​ត្រួតពិនិត្យ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដ៏ទៃ​ទៀត​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នានា​បាន​គោរព​តាម​ច្បាប់ និង​មាន​ការ​គ្រប់​គ្រង​ដើម្បី​ភាព​រឹង​មាំ និង​សុខុមាល​ភាព ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ខ្លួន
·         គ្រប់​គ្រង​អត្រា​ការ​ប្រាក់​ដែល​ជា​ការ​រួម​ចំណែក​គ្រប់​គ្រង​អតិផរណា

ធនាគារពាណិជ្ជ
ធនាគារ​ពាណិជ្ជ គឺ​ជា​ស្ថាប័ន​​ហិរញ្ញ​វត្ថុ​ធំៗ​ដែល​ជា​អ្នក​បង្កើត​ដ៏​សំខាន់​នូវ​ប្រាក់​បញ្ញើ​តាម​តម្រូវ​ការ​ ប្រាក់​បញ្ញើ​មាន​កាល​កំណត់ និង​ប្រាក់​បញ្ញើ​សន្សំ។

ធនាគារ​អភិវឌ្ឍន៌
ធនាគារ​អភិវឌ្ឍន៌ មាន​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។ ស្ថាប័ន​នេះ​មាន​តួនាទី​តិច​តួច​ក្នុង​ការ​ប្រមូល​ប្រាក់​បញ្ញើ។ ធនាគារ​អភិវឌ្ឍ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ទ្រព្យ​សកម្ម​រយៈពេល​វែង​ឲ្យ​វិនិយោគិន តាម​រយៈ​ការ​ផ្ដល់​កម្ចី​រយៈពេល​វែង​ជាមួលដ្ឋាន​ហិរញ្ញប្បទាន​សម្រាប់​ការ​វិនិយោគ។ ជា​ទូទៅ​ធនាគារ​អភិវឌ្ឍន៌ ពុំ​សូវ​ទទួល​ជោគ​ជ័យ​ក្នុ​ងការ​ប្រមូល​ទុន​ទេ លើកលែង​ទុន​ដែល​បាន​មក​ពី​រដ្ឋ និង​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ពហុភាគី។

ក្រុមហ៊ុនធានារ៉ាប់​រង និង​ក្រុម​ហ៊ុន​ផ្សេងៗ
នៅ​ប្រទេស​ភាគ​ច្រើន មាន​ប្រភេទ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ផ្សេងៗ​ទៀត ដូច​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ និង​ក្រុនហ៊ុន​ភតិសន្យា (ក្រុនហ៊ុន​ស៊ី​ឈ្នួល)ជាដើម។

ទីផ្សារ​មូលប័ត្រ
ទីផ្សារ​មូលប័ត្រ គឺ​ជា​ប្រភេទ​ហិរញ្ញវត្ថុ​ដែល​មិន​ឆ្លង​កាត់​ស្ថាប័ន​ហិរញ្ញ​វត្ថុ ប៉ុន្ដែ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ផ្ដល់​កម្ចី និង​កម្ចី​សម្រាប់​ការផ្ដល់​វិនិយោគ។

ទីផ្សារ​មូលប័ត្រ ឬ​ទីផ្សារ​ភាគ​ហ៊ុន គឺ​ជា​ទី​កន្លែង​ដែល​ដឹក​នាំ​មូល​និធិ​ក្រោម​រូប​ភាព​លក់​ឬ​ទិញ​ភាគ​ហ៊ុន​ពី​បុគ្គល ឬ​អង្គភាព​អាជីវកម្ម​ដែល​គ្មាន​ឳកាស​ប្រើ​ប្រាស់​វា ដើម្បី​ផ្ដល់​ទុន​វិនិយោគ​ឲ្យ​បុគ្គល ឬ​អង្គភាព​អាជីវកម្មដែល​មាន​ឳកាសវិនិយោគ​តែ​ពួកគេ​ខ្វះទុន។

បណ្ដាញ​ផ្សេងៗ
ឥណទានពាណិជ្ជកម្ម គឺ​ជា​ប្រភព​ហិរញ្ញ​វត្ថុ​មួយ​ផ្សេង​ទៀត (ការ​ទិញ​ទំនិញ​ជំពាក់)។

ទិដ្ឋភាព​មួយ​ទៀត​អំពី​ការ​ផ្ដល់​ឥណទាន ​គឺ​ប្រព័ន្ធ​ឲ្យខ្ចី​ប្រាក់​ក្រៅ​ផ្លូវការ។ ការ​ចងការប្រាក់ គឺ​ជា​ផ្នែក​សំខាន់​មួយនៃ​ហិរញ្ញ​វត្ថុ​ក្នុង​សហគមន៌​ជនបទ។

ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ
ថ្លៃ​ដើម​សេវា​ហិរញ្ញ​វត្ថុ
មធ្យោ​បាយ​ដើម្បី​បង្កើន​ការ​កៀង​គរ​មូលធន​ក្នុង​ស្រុក គឺ​ការ​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ជាក់​ស្ដែង​ខ្ពស់​ជាង​មុន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​អ្នក​ផ្ញើប្រាក់​ក្នុង​ស្រុក​ឲ្យ​ងាក​មក​រក្សា​ទ្រព្យ​ធន​នៅ​ក្នុង​ស្ថាប័ន​ហិរញ្ញ​វត្ថុ។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ធានា​ជោគ​ជ័យ
ដើម្បីធានា​ជោគជ័យ ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ត្រូវ​មាន​ព័ត៌មាន​អំពី​ប្រព័ន្ធ​គណនី​និង​សវនកម្ម គោលការណ៌​ច្បាប់ និយ័តកម្ម បម្រុង​ប្រយ័ត្ន និង​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ។
1.    ព័ត៌មានៈ អំពី​ប្រព័ន្ធ​គណនេយ្យ និង​សវនកម្ម
2.    កិច្ច​សន្យាហិរញ្ញវត្ថុៈ គឺ​ជា​កិច្ច​សន្យា​មាន​កាល​កំណត់ ពោលគឺ​រូបិយវត្ថុ​ដែល​ត្រូវ​បាន​ឲ្យខ្ចីសម្រាប់​​រយៈពេល​មួយ​ជាកំណត់ មិន​ត្រូវ​ទារ​ឲ្យ​សង​មុន​កាលកំណត់ឡើយ
3.    បទបញ្ជាប្រុងប្រយ័ត្នៈ គឺ​ជា​វិធានការណ៌​ដែល​ដាក់​ចេញ​ដោយ​ធនាគារ​កណ្ដាល​ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិការ​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ។
4.    អត្រាការ​ប្រាក់​ជា​ថ្លៃៈ អត្រា​ការ​ប្រាក់ គឺ​ជាថ្លៃ​ដែល​ត្រូវ​ទទួល​បាន ឬ​ចំណាយសម្រាប់​​ការ​វិនិយោគ ឬ​ប្រើប្រាស់​មូលនិធិ​នៅក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ។
5.    ការ​បងើ្កត​ទីផ្សារ​ហិរញ្ញវត្ថុៈ វា​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​បង្កើត​ទីផ្សារ​ហិរញ្ញ​វត្ថុ តែ​គេ​អាច​ចាប់​ផ្ដើម​ពី​ការ​បង្កើត​ទីផ្សារ​ហិរញ្ញ​វត្ថុ​ដែល​ងាយ​បង្កើត​ជាង​គេ​បំផុតគឺ​ ទីផ្សារ​ប័ណ្ណ៕

No comments:

Post a Comment