ជាធម្មតា អ្នកធ្វើសកម្មភាពទីផ្សារយល់ថា អ្នកប្រើប្រាស់ និងអាជីវករមើលឃើញផលិតផលផ្សេងពីគ្នាទៅតាមទស្សនៈរៀងៗខ្លួន។
អាជីវករមានទស្សនៈថា ផលិតផល គឺអ្វីៗទាំងអស់ដែលត្រូវផ្ដល់ទៅឲ្យទីផ្សារ មានន័យថាគេប្រមូលផ្ដុំសកម្មភាពទៅលើអ្វីដែលគេត្រូវផ្ដល់។
ចំណែកអ្នកប្រើប្រាស់យល់ថា ផលិតផលគឺអ្វីៗទាំងអស់ដែលបំពេញតម្រូវការរបស់គេ មានន័យថា គេត្រូវប្រមួលផ្ដុំការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់គេ។
នៅជាប់នឹងផលិតផលមានកត្តាផ្សេងៗសំខាន់ លើសពីភាពទាក់ទាញនៃរូបរាងខាងក្រៅរបស់ផលិតផល។ គុណភាពផលិតផលមានសារៈសំខាន់។ ផលិតផលត្រូវតែមានភាពជាប់មាំ និងផ្ដល់សុវត្ថិភាព។ ទន្ទឹមនឹងនោះ ផលិតផលក៏ត្រូវមានប្រយោជន៌ និងបំពេញបានតម្រូវការអ្នកប្រើប្រាស់។
សមាសភាគផលិតផល
សមាសភាគសំខាន់ៗនៃផលិតផលអាចត្រូវបានគេប្រើដើម្បីធ្វើឲ្យផលិតផលមានភាពប្រសើរជាងផលិតផលគូប្រជែង និងឆ្លើយតបចំពោះតម្រូវការជាក់លាក់ណាមួយនៃទីផ្សារគោលដៅ។
ផលិតផលមួយមានតម្លៃកាន់តែខ្ពស់ នៅពេលវាមានសមាសភាគកាន់តែច្រើន។ សមាសភាគផលិតផលមានដូចជា៖
១. លក្ខណៈពិសេសនៃផលិតផល
២. ជម្រើសមុខងារផ្សងៗ
៣. សេវាជូនភ្ជាប់ គឺសេចក្ដីណែនាំការប្រើប្រាស់ ការជួសជុល និងការឆែកមើលដំណើរការរបស់ផលិតផល។
៤. ស្លាកសញ្ញា ឬនាមសញ្ញា
៥. ការធាំនា
៦. ការវេចខ្ចប់
ស្រឡាយផលិតផល និងផលិតផលចម្រុះ
ស្រឡាយផលិតផល គឺក្រុមផលិតផលស្រដៀងគ្នាដែលរៀបចំដោយសកម្មភាពទីផ្សារចម្រុះ ដើម្បីបំពេញតម្រូវការស្រដៀងគ្នានៅក្នុងទីផ្សារមួយ។
ផលិតផលចម្រុះ គឺផលិតផលគ្រប់ប្រភេទដែលអាជីវកម្មធានាផ្ដល់ដល់ទីផ្សារ។
ការចាត់ថ្នាក់ផលិតផល
ផលិតផលប្រើប្រាស់
- ទំនិញងាយរកៈ មានទំនិញងាយរកចំាបាច់ (អង្ក ត្រី...) ទំនិញមួយសំណើរ (ស្ករគ្រាប់ សម្លៀកបំពាក់...) ទំនិញបន្ទាន់ (ឆ័ត្រ ថ្នាំពេទ្យ...)
- ទំនិញត្រូវដើរទិញៈ គឺជាប្រភេទទំនិញមានតម្លៃខ្ពស់ មានលក់នៅទីកន្លែងដោយឡែក ហើយអ្នកទិញមានការត្រៀមបម្រុងប្រាក់កាសជាមុន និងត្រូវចំណាយពេលក្នុងការជ្រើសរើស (រថយន្ដ ផ្ទះ...)
- ទំនិញពិសេសៈ គឺជាទំនិញដែលកម្ររកបាន ហើយអតិថិជនត្រូវការជាចាំបាច់ (ឧបករណ៌ភ្លេងពិសេស មុខម្ហូបពិសេស...)
- ទំនិញមិនបានស្វែងរកៈ គឺទំនិញដែលគេជួបដោយចៃដន្យ ហើយគេនឹងត្រូវការវានៅពេលក្រោយ (សេវាធានារ៉ាប់រង សេវាច្បាប់...)
ផលិតផលឧស្សាហកម្ម
- ឧបករណ៌មូលធនៈ រួមមាន ដី សំណង់ និងឧបករណ៌ប្រើប្រាស់ក្នុងអាជីវកម្មមានថ្លៃខ្ពស់ ហើយទិញដោយអង្គភាពអាជីវកម្ម
- ឧបករណ៌ប្រតិបត្តិការៈ ជាឧបករណ៌តូចល្មមមិនសូវថ្លៃ ប្រើក្នុងប្រតិបត្តិការអាជីវកម្ម ផលិតកម្ម ឬលក់ទំនិញ រួមមានម៉ាស៊ីនតូចៗ និងសង្ហារឹមជាដើម
- សម្ភារៈប្រើប្រាស់ៈ ជាសម្ភារៈប្រើប្រាស់ផ្ទាល់របសប្រតិបត្តិការ រួមមានក្រដាស ខ្មៅដៃ ដែកគាបក្រដាស ឧបករណ៌សម្អាតប្រេងឥន្ធនៈ អំពូល ឌីស្កែត...
- វត្ថុធាតុដើមៈ ជាភាគផ្សំដើម្បីផលិតចេញជាផលិតផល (លោហធាតុ ប្រេងកាតឆៅ ក្ដារបន្ទះ ដៅស៊ូក្រែប ម្សៅមី...
- គ្រឿងបន្លាស់ៈ គឺគ្រឿងខ្ចៅខ្ចង ឬបំណែកផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងការផ្លាស់ប្ដូរផ្នែកនៃឧបករណ៌មូលធន និងឧបករណ៌ប្រតិបត្តិការ
វដ្ដជីវិតរបស់ផលិតផល
វដ្ដជីវិតនៃផលិតផល គឺជារយៈពេលកំណត់មួយដែលផលិតផលអាចបង្កើតប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន។
វដ្ដជីវិតរបស់ផលិតផលរួមមានដំណាក់កាលមួយចំនួនដូចខាងក្រោម៖
1. ដំណាក់កាលបង្ហាញឲ្យស្គាល់ៈ គឺដំណាក់កាលដាក់ផលិតផលទៅក្នុងការធ្វើជំនួញ ហើយចាប់ផ្ដើមបង្ហាញឲ្យអតិថិជនបានស្គាល់។
2. ដំណាក់កាលរីកចម្រើនៈ គឺដំណាក់កាលលក់ផលិតផលបានច្រើន ករណីដែលអតិថិជនច្រើនមានការចាប់អារម្មណ៌។
3. ដំណាក់កាលបក្កភាព ឬទុំៈ កំណើននៃបរិមាណលក់មានល្បឿនយឺតដោយសារការកើនឡើងនៃផលិតផលគូប្រជែងទីផ្សារ ដែលជាហេតុនាំឲ្យថ្លៃធ្លាក់ចុះ ហើយប្រាក់ចំណេញចុះទាប។
4. ដំណាក់កាលអន់ថយៈ បរិមាណលក់ និងប្រាក់ចំណេញធ្លាក់ចុះថែមទៀត។
ការអភិវឌ្ឍផលិតផលថ្មី
ក្រុមហ៊ុននីមួយៗត្រូវតែធ្វើការអភិវឌ្ឍផលិតផលថ្មីជំនួសឲ្យផលិតផលបច្ចុប្បន្ន ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលតែងតែមានការផ្លាស់ប្ដូរ និងដើម្បីឆ្លើយតបទៅនឹងសកម្មភាពគូប្រជែង។
ដំណើរការអភិវឌ្ឍផលិតផលថ្មីៈ
1. ការបង្កើតគំនិត
2. ការពិនិត្យជ្រើសរើស
3. ការវិភាគអាជីវកម្ម
4. ការអភិវឌ្ឍផលិតផល
5. ការសាកល្បងទីផ្សារ
6. ការដាក់ក្នុងពាណិជ្ជកម្ម
កត្តកំណត់ជោគជ័យនៃផលិតផល
កត្តាមួយចំនួនដែលកំណត់ជោគជ័យនៃផលិតផលថ្មីមានដូចជា៖
1. ការស្គាល់ច្បាស់លក្ខណៈទីផ្សារគោលដៅ
2. ទំនាក់ទំនងខ្លាំងក្លាជាមួយទីផ្សារគោលដៅ
3. ការប្រមូលព័ត៌មានអំពីចំណាប់អារម្មណ៌លើលក្ខណៈ និងគុណភាពនៃផលិតផលថ្មីនៅក្នុងអំឡុងដំណើរការប្រព្រឹត្តទៅនៃការអភិវឌ្ឍផលិតផលថ្មី
4. ភាពប៉ិនប្រសប់ក្នុងការអភិវឌ្ឍផលិតផលថ្មី
5. ភាព ស៊ីគ្នា រវាងគម្រោងផលិតផលថ្មី និងកម្លាំងធនធានរបស់ក្រុមហ៊ុន
6. លក្ខណៈពិសេសរបស់ផលិតផលថ្មី
7. ការរៀបចំយុទ្ធសាស្ត្រសមស្របសម្រាប់ដំណាក់កាលនីមួយៗនៃវដ្ដជីវិតរបស់ផលិតផល
No comments:
Post a Comment