បញ្ញត្តិ”ថ្លៃ”
ថ្លៃ គឺជាបរិមាណសរុបនៃតម្លៃរបស់ផលិតផល ឬសេវា ដែលអ្នកប្រើប្រាស់សម្រេចចិត្តដោះដូរ ដើម្បីបានទទួលប្រយោជន៌ពីការប្រើប្រាស់ផលិតផល ឬសេវានោះ។
កត្តាដែលមានឥទ្ធិពលដល់ការកំណត់ថ្លៃ
កត្តាដែលមានឥទ្ធិពលមានដូចខាងក្រោម៖
1. គោលបំណងរបស់អង្គភាព
2. ធាតុផ្សំនៅទីផ្សារចម្រុះ
3. ថ្លៃដើម ឬចំណាយ
4. ការយល់បានរបស់អតិថិជន
5. បញ្ហាច្បាប់និងនិយ័តកម្ម
លំដាប់ថ្នាក់នៃការកំណត់ថ្លៃ
គោលបំណងនៃការកំណត់ថ្លៃ
1. ការប្រកួតប្រជែងៈ ថ្លៃសម្រាប់ការរស់រានលើទីផ្សារ ថ្លៃនាំមុខ ថ្លៃគ្មានការប្រជែង
2. ការលក់មិនប្រកួតៈ ត្រូវបានបញ្ជាក់តាមលក្ខខណ្ឌបរិមាណនៃកាលក់ និងភាគហ៊ុនទីផ្សារ
3. ប្រាក់ចំណេញៈ អតិបរមាកម្មប្រាក់ចំណេញ ការស្រង់ទុនវិនិយោគ
គោលដៅទីផ្សារ
ជាទូទៅ អតិថិជនព្រមទទួល ឬមិនទទួលថ្លៃនៅកម្រិតណានោះ អាស្រ័យលើកម្រិតនៃចំណូល លក្ខខណ្ឌសេដ្ឋកិច្ច និងប្រត្យក្សារម្មណ៌អំពីគុណភាពទំនិញ។
ការកំណត់កម្រិតតម្រូវការ
ក្រុមហ៊ុនត្រុវថ្លឹងថ្លែងថា តើទំនិញប៉ុន្មាននឹងត្រូវបានគេទិញក្នុងនៅកម្រិតថ្លៃផ្សេងៗគ្នា។ ការថ្លឹងថ្លែងនេះពាក់ព័ន្ធដល់ការវិភាគភាពយឺតនៃតម្រូវការ ពោលគឺតម្រូវការស្ថិតក្រោមឥទ្ធិពលនៃបម្រែបម្រួលថ្លៃនិងបរិមាណទំនិញដែលត្រូវការ។
ចំពោះទំនិញដែលមានភាពយឺតនៃតម្រូវការខ្លាំង នៅពេលថ្លៃបរិមាណនៃតម្រូវការមានការប្រែប្រួលខ្លាំង។
ចំពោះទំនិញមិនសូវមានភាពយឺតនៃតម្រូវការ នៅពេលថ្លៃបរិមាណនៃតម្រូវការមានការប្រែប្រួលតិច។
ការវាយតម្លៃថ្លៃប្រកួតប្រជែង
ការដឹងថាតើគូប្រជែងកំណត់ថ្លៃផលិតផលយ៉ាងណា និងដឹងបានពីថ្លៃរបស់គូប្រកួតប្រជែងអាចជួយឲ្យក្រុមហ៊ុនកំណត់កម្រិតថ្លៃរបស់ខ្លួនឯងបាន។ ការយល់អំពីថ្លៃទាំងនេះនឹងបង្ហាញយ៉ាងច្បាស់អំពីគន្លឹះសំដៅទៅរកការយកប្រៀបលើគូប្រជែង ហើយក៏មានសារៈសំខាន់ដល់អតិថិជនផងដែរក្នុងការសម្រេចចិត្តទិញដោយមិនខុសថ្លៃ។
ការជ្រើសរើសគោលនយោបាយថ្លៃ
1. ថ្លៃសម្រុកៈ គឺថ្លៃដែលត្រូវបានកំណត់ទាបជាងគូប្រជែង ក្នុងបំណងដណ្ដើមអត្រាទីផ្សារឲ្យបានធំតាមដែលអាចទៅរួច។
2. ថ្លៃចម្រាញ់ៈ គឺថ្លៃដែលគេកំណត់ខ្ពស់ក្នុងបំណងទទួលប្រាក់ចំណេញអតិបរមាក្នុងរយៈពេលខ្លី។ គោលនយោបាននេះអនុវត្តបានចំពោះតែផលិតផលណា ដែលទើបតែបង្កើតថ្មីមានលក្ខណៈច្នៃប្រឌិតខ្ពស់ និងមានភាពរហ័សលើការស្រាវជ្រាវ និងអភិវឌ្ឍ។
3. ថ្លៃចិត្តសាស្ត្រៈ គឺថ្លៃដែលគេកំណត់សម្រាប់គោលដៅចិត្តសាស្ត្រច្រើនជាងសម្រាប់ភាពសមហេតុផល។
4. ថ្លៃតាមការទទួលអារម្មណ៌ៈ គឺថ្លៃដែលគេកំណត់តាមការឲ្យតម្លៃរបស់អតិថិជន។
5. ថ្លៃផ្សាយលក់ៈ គឺថ្លៃដែលគេកំណត់ក្នុងកម្រិតពិសេសដើម្បីបង្កើនការលក់ក្នុងរយៈពេលខ្លី។
ការជ្រើសរើសវិធីសាស្ត្រកំណត់ថ្លៃ
1. ការកំណត់ថ្លៃយោងទៅតាមចំណាយៈ គឺថ្លៃត្រូវបានកំណត់ត្រឹមកម្រិតស្រង់ដើមដោយមិនគិតថ្លៃលើសដើម្បីចំណេញ។
2. ការកំណត់ថ្លៃដើម្បីចំណេញៈ គឺថ្លៃត្រូវបានកំណត់កម្រិតណាមួយដើម្បីទទួលបានភាគរយចំណេញមួយធៀបនឹងចំណាយ ឬធៀបនឹងថ្លៃលក់ ឬហៅម្យ៉ាងទៀតថា ការកំណត់ថ្លៃដោយបន្ថែមតម្លៃលើស។
3. ការកំណត់ថ្លៃយោងទៅតាមការប្រកួតប្រជែងៈ ថ្លៃត្រូវបានកំណត់ក្រោយពេលពិនិត្យពិចារណាកម្រិតថ្លៃរបស់គូប្រជែង មានន័យថា តើគេត្រូវកំណត់ខ្ពស់ ឬទាបជាង ឬស្មើនឹងថ្លៃកំណត់ដោយគូប្រជែង។
4. ការកំណត់ថ្លៃយោងទៅតាមតម្រូវការៈ ការកំណត់ថ្លៃយោងទៅតាមតម្រូវការ នាំឲ្យក្រុមហ៊ុនបានចំណេញច្រើននៅពេលមានតម្រូវការខ្ពស់ ដើម្បីទប់ការចំណេញតិចនៅពេលមានតម្រូវការខ្សោយ។
No comments:
Post a Comment