Tuesday, April 10, 2012

មេរៀនទ៤ ផលិតផល

ផលិតផល​និង​កត្តា​ពាក់ព័ន្ធ
ជា​ធម្មតា អ្នក​ធ្វើ​សកម្មភាព​ទីផ្សារ​យល់​ថា អ្នក​ប្រើប្រាស់ និង​អាជីវករ​មើល​ឃើញ​ផលិតផល​ផ្សេង​ពីគ្នា​ទៅតា​ម​ទស្សនៈរៀងៗ​ខ្លួន។

អាជីវករមាន​ទស្សនៈថា ផលិតផល គឺ​អ្វីៗ​ទាំងអស់​ដែល​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​ទីផ្សារ មាន​ន័យ​ថា​គេ​ប្រមូល​ផ្ដុំ​សកម្មភាព​ទៅ​លើ​អ្វី​ដែល​គេ​ត្រូវ​ផ្ដល់។

ចំណែក​អ្នក​ប្រើប្រាស់​យល់​ថា ផលិតផល​គឺ​អ្វីៗ​ទាំង​អស់​ដែល​បំពេញ​តម្រូវការ​របស់​គេ មាន​ន័យ​ថា គេ​ត្រូវ​ប្រមួល​ផ្ដុំ​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​តម្រូវការ​របស់​គេ។

នៅ​ជាប់​នឹង​ផលិត​ផល​មាន​កត្តា​ផ្សេងៗ​សំខាន់ លើសពី​ភាព​ទាក់ទាញ​នៃ​រូបរាង​ខាង​ក្រៅ​របស់​ផលិតផល។ គុណភាព​ផលិតផល​មាន​សារៈសំខាន់​។ ផលិតផល​ត្រូវ​តែ​មាន​ភាព​ជាប់​មាំ និង​ផ្ដល់​សុវត្ថិភាព។ ទន្ទឹម​នឹង​នោះ ផលិតផល​ក៏ត្រូវ​មាន​ប្រយោជន៌ និង​បំពេញ​បាន​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់។

សមាសភាគ​ផលិតផល
សមាសភាគសំខាន់ៗ​នៃ​ផលិតផល​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​មាន​ភាព​ប្រសើរ​ជាង​ផលិតផល​គូប្រជែង និង​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ជាក់​លាក់​ណាមួយ​នៃ​ទីផ្សារ​គោលដៅ។

ផលិតផល​មួយ​មាន​តម្លៃ​កាន់​តែ​ខ្ពស់ នៅពេល​វាមាន​សមាសភាគ​កាន់​តែ​ច្រើន។ សមាសភាគ​ផលិតផល​មាន​ដូចជា៖
១. លក្ខណៈពិសេស​នៃ​ផលិតផល
២. ជម្រើស​មុខងារ​ផ្សងៗ
៣. សេវា​ជូន​ភ្ជាប់ គឺ​សេចក្ដី​ណែនាំ​ការ​ប្រើ​ប្រាស់ ការ​ជួសជុល និង​ការ​ឆែក​មើល​ដំណើរការ​របស់​ផលិតផល។
៤. ស្លាក​សញ្ញា ឬ​នាម​សញ្ញា
៥. ការធាំនា
៦. ការវេចខ្ចប់

ស្រឡាយ​ផលិតផល និង​ផលិតផល​ចម្រុះ
ស្រឡាយ​ផលិតផល គឺ​ក្រុមផលិតផល​ស្រដៀង​គ្នា​ដែល​រៀប​ចំ​ដោយ​សកម្មភាព​ទីផ្សារ​ចម្រុះ ដើម្បី​បំពេញ​តម្រូវ​ការ​ស្រដៀង​គ្នា​នៅ​ក្នុង​ទីផ្សារ​មួយ។

ផលិតផល​ចម្រុះ គឺផលិតផល​គ្រប់​ប្រភេទ​ដែល​អាជីវកម្ម​ធានា​ផ្ដល់​ដល់​ទីផ្សារ។

ការ​ចាត់​ថ្នាក់​ផលិតផល

ផលិតផល​ប្រើប្រាស់
-       ទំនិញងាយរកៈ មាន​ទំនិញ​ងាយរក​ចំាបាច់ (អង្ក ត្រី...) ទំនិញមួយ​សំណើរ (​ស្ករគ្រាប់ សម្លៀក​បំពាក់...) ទំនិញ​បន្ទាន់ (​ឆ័ត្រ ថ្នាំពេទ្យ...)
-       ទំនិញ​ត្រូវ​ដើរ​ទិញៈ គឺ​ជា​ប្រភេទ​ទំនិញ​មាន​តម្លៃ​ខ្ពស់ មាន​លក់​នៅ​ទី​កន្លែង​ដោយ​ឡែក ហើយ​អ្នក​ទិញ​មាន​ការ​ត្រៀម​បម្រុង​ប្រាក់​កាស​ជាមុន និង​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​ជ្រើសរើស (រថយន្ដ ផ្ទះ...)
-       ទំនិញពិសេសៈ គឺ​ជា​ទំនិញ​ដែល​កម្រ​រក​បាន ហើយ​អតិថិជន​ត្រូវការ​ជា​ចាំ​បាច់ (ឧបករណ៌​ភ្លេងពិសេស មុខ​ម្ហូប​ពិសេស...)
-       ទំនិញ​មិន​បាន​ស្វែង​រកៈ គឺ​ទំនិញ​ដែល​គេ​ជួប​ដោយ​ចៃ​ដន្យ ហើយ​គេ​នឹង​ត្រូវ​ការ​វា​នៅ​ពេល​ក្រោយ (សេវាធានា​រ៉ាប់​រង សេវា​ច្បាប់...)

ផលិតផល​ឧស្សាហកម្ម
-       ឧបករណ៌​មូលធនៈ រួមមាន ដី សំណង់ និង​ឧបករណ៌​ប្រើប្រាស់​ក្នុង​អាជីវកម្ម​មាន​ថ្លៃ​ខ្ពស់ ហើយ​ទិញ​ដោយ​អង្គភាព​អាជីវកម្ម
-       ឧបករណ៌​ប្រតិបត្តិការៈ ជា​ឧបករណ៌តូច​ល្មម​មិន​សូវ​ថ្លៃ ប្រើ​ក្នុងប្រតិបត្តិការ​​អាជីវកម្ម ផលិតកម្ម ឬ​លក់​ទំនិញ រួមមាន​ម៉ាស៊ីន​តូចៗ និង​សង្ហា​រឹមជា​ដើម
-       សម្ភារៈប្រើប្រាស់ៈ ជា​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​របស​ប្រតិបត្តិការ រួមមាន​ក្រដាស ខ្មៅ​ដៃ ដែក​គាបក្រដាស ឧបករណ៌​សម្អាត​ប្រេង​ឥន្ធនៈ អំពូល​ ឌីស្កែត...
-       វត្ថុធាតុដើមៈ ជា​ភាគ​ផ្សំ​ដើម្បី​ផលិត​ចេញ​ជា​ផលិតផល (លោហធាតុ ប្រេង​កាត​ឆៅ ក្ដារ​បន្ទះ ដៅ​ស៊ូ​ក្រែប ម្សៅ​មី...
-       គ្រឿង​បន្លាស់ៈ គឺ​គ្រឿង​ខ្ចៅខ្ចង ឬ​បំណែក​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​​ក្នុង​ការ​ផ្លាស់​ប្ដូរ​ផ្នែក​នៃ​ឧបករណ៌​មូលធន និង​ឧបករណ៌​ប្រតិបត្តិការ

វដ្ដជីវិត​របស់​ផលិតផល
វដ្ដជីវិត​នៃ​ផលិតផល គឺ​ជា​រយៈពេល​កំណត់​មួយ​ដែល​ផលិត​​​ផល​អាច​បង្កើត​ប្រាក់​ចំណេញ​សម្រាប់​ក្រុម​ហ៊ុន។

វដ្ដ​ជីវិត​របស់​ផលិតផល​រួមមានដំណាក់​កាល​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
1.     ដំណាក់កាល​បង្ហាញ​ឲ្យ​ស្គាល់ៈ គឺ​ដំណាក់​កាល​ដាក់​ផលិតផល​ទៅ​ក្នុង​ការ​ធ្វើ​ជំនួញ ហើយ​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អតិថិ​ជន​បាន​ស្គាល់។
2.    ដំណាក់កាល​រីកចម្រើនៈ គឺ​ដំណាក់កាល​លក់​ផលិត​ផល​បាន​ច្រើន ករណី​ដែល​អតិថិជន​ច្រើន​មាន​ការ​ចាប់​អារម្មណ៌។
3.    ដំណាក់កាល​បក្កភាព ឬ​ទុំៈ កំណើន​នៃ​បរិមាណ​លក់​មាន​ល្បឿន​យឺត​ដោយសារ​ការ​កើន​ឡើង​នៃ​ផលិតផល​គូប្រជែង​ទីផ្សារ ដែល​ជាហេតុ​នាំ​ឲ្យ​ថ្លៃ​ធ្លាក់​ចុះ ហើយ​ប្រាក់​ចំណេញ​ចុះ​ទាប។
4.    ដំណាក់​កាល​អន់ថយៈ បរិមាណលក់ និង​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ថែម​ទៀត។

ការអភិវឌ្ឍ​ផលិតផល​ថ្មី
​ក្រុមហ៊ុន​នីមួយៗ​ត្រូវ​តែ​ធ្វើ​ការ​អភិវឌ្ឍ​ផលិតផល​ថ្មី​ជំនួស​ឲ្យ​ផលិតផល​បច្ចុប្បន្ន ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ដែល​តែង​តែ​មាន​ការ​ផ្លាស់​ប្ដូរ និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​គូប្រជែង។

ដំណើរការ​អភិវឌ្ឍ​ផលិតផល​ថ្មីៈ
1.    ការបង្កើតគំនិត
2.    ការ​ពិនិត្យ​ជ្រើសរើស
3.    ការវិភាគ​អាជីវកម្ម
4.    ការអភិវឌ្ឍផលិតផល
5.    ការសាកល្បងទីផ្សារ
6.    ការដាក់​ក្នុង​ពាណិជ្ជកម្ម

កត្តកំណត់​ជោគជ័យ​នៃ​ផលិតផល
កត្តាមួយ​ចំនួន​ដែល​កំណត់​ជោគជ័យ​នៃ​ផលិតផល​ថ្មីមាន​ដូចជា៖
1.    ការ​ស្គាល់ច្បាស់​លក្ខណៈទីផ្សារ​គោលដៅ
2.    ទំនាក់ទំនង​ខ្លាំង​ក្លា​ជាមួយ​ទីផ្សារ​គោលដៅ
3.    ការ​ប្រមូលព័ត៌មាន​អំពី​ចំណាប់អារម្មណ៌​លើ​លក្ខណៈ និង​គុណភាព​នៃ​ផលិតផល​ថ្មី​នៅក្នុង​អំឡុង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅនៃ​ការ​អភិវឌ្ឍផលិតផល​ថ្មី
4.    ភាពប៉ិនប្រសប់​ក្នុង​ការ​អភិវឌ្ឍផលិតផល​ថ្មី
5.    ភាព ស៊ីគ្នា រវាង​គម្រោង​ផលិតផល​ថ្មី និង​កម្លាំង​ធនធាន​របស់​ក្រុមហ៊ុន
6.    លក្ខណៈពិសេស​របស់​ផលិតផល​ថ្មី
7.    ការ​រៀប​ចំយុទ្ធសាស្ត្រ​សម​ស្រប​សម្រាប់​ដំណាក់​កាល​នីមួយៗ​នៃ​វដ្ដ​ជីវិត​របស់​​ផលិតផល

No comments:

Post a Comment