Wednesday, April 11, 2012

ជំពូកទី២ ហិរញ្ញវត្ថុនិងធនាគារ

មេរៀនទី ស្ថាប័នហិរញ្ញវត្ថុ



និយមន័យ
គោលនយោបានរូបិយវត្ថុៈ គឺជាឧបករណ៌មួយប្រភេទរបស់នយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានស្លឹមសារទាក់ទងនឹងការគ្រប់គ្រង ការផ្គត់ផ្គង់រូបិយវត្ថុនិងឥណទានគិតជាចំនួនសរុបក្នុងប្រព័ន្ធហិរញ្ញវត្ថុ គឺសំដៅលើការព្យាយាមរក្សាលំនឹងសេដ្ឋកិច្ចឲ្យមានដំណើរការផលិតកម្មពេញលេញ និងគ្មានអតិផរណា។

រចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺប្រព័ន្ធដែលគ្របដណ្ដប់លើស្ថាប័នហិរញ្ញវត្ថុ ក្នុងនោះមានធនាគារកណ្ដាល ធនាគារពាណិជ្ជកម្ម ធនាគារអភិវឌ្ឍ ផ្សារទុន និងស្ថាប័នឧបករណ៌ហិរញ្ញវត្ថុផ្សេងៗទៀត។  វាបង្ហាញឲ្យឃើញពីរបៀបរៀបចំស្ថាប័នហិរញ្ញវត្ថុ និងគោលនយោបាយនិយ័តកម្មដែលជាតម្រូវការចំាបាច់ក្នុងការធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចទាំងមូលមានដំណើរការកាន់តែល្អប្រសើរឡើង។

ដំណើរការប្រព័ន្ធហិរញ្ញវត្ថុនិងការផ្ដល់សេវាកម្មសំខាន់ៗ
ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនភាគច្រើនមានប្រព័ន្ធពីរដែលមានលក្ខណៈស្របគ្នាសម្រាប់កៀងគរ និងបែងចែកធនធានសេដ្ឋកិច្ច គឺប្រព័ន្ធសារពើពន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ។
·         ប្រព័ន្ធសារពើពន្ធៈ មានតួនាទីគ្រប់គ្រងពន្ធដារ និងចំណាយរបស់រដ្ឋាភិបាល។ តាមរយៈប្រព័ន្ធសារពើពន្ធនេះ រដ្ឋាភិបាលអាចប្រមូលពន្ធពីគ្រួសារ និងសហគ្រាសផ្សេងៗហើយធ្វើការចំណាយមូលនិធិដែលប្រមូលបាននេះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគម្រោងផែនការផ្សេងៗរបស់រដ្ឋ ដូចជាការសាងសង់ ជួសជុលផ្លូវថ្នល់ និងស្ពានជាដើម។
·         ប្រព័ន្ធហិរញ្ញវត្ថុៈ មានតួនាទីកៀងគរប្រាក់បញ្ញើដោយស្ម័គ្រចិត្ត ហើយបែងចែកប្រាក់បញ្ញើទាំងនោះទៅឲ្យសហគ្រាស អង្គភាពទាំងឡាយណាដែលមានបំណងវិនិយោគទុន។

សេវាសំខាន់ៗ៣យ៉ាងរបស់ប្រព័ន្ធហិរញ្ញវត្ថុគឺ ការរៀបចំមធ្យោបាយទូទាត់ ការកៀងគរធនធាន និងការបែងចែកធនធាន

ការរៀបចំមធ្យោបាយទូទាត់
មធ្យោបាយទូទាត់ត្រូវតែមានលក្ខណៈទំនើប នៅពេលពាណិជ្ជកម្មក្នុងប្រទេសមានការរីកកាន់តែទូលាយពីពាណិជ្ជកម្មក្នុងស្រុកទៅកាន់ពាណិជ្ជកម្មក្នុងតំបន់ ឬពីពាណិជ្ជកម្មជាតិទៅកាន់ពាណិជ្ជកម្មអន្តរជាតិ។

ការកៀងគរមូលនិធិ
ការកៀគរមូលនិធិ គឺការប្រមូលប្រាក់សន្សំដោយស្ម័គ្រចិត្តក្រោមរូបភាពជាទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់បង្កើតទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុអាចជាធនធានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសាជីវកម្មដែលរកបានតាមរយៈការចេញលក់មូលប័ត្រទីផ្សារមានដូចជា សន្លឹកហ៊ុន ប័ណ្ណបំណុល ប័ណ្ណរតនាគារ ប្រកាសនីយប័ត្របំណុល ប័ណ្ណឥណទេយ្យ គណនីឥណទេយ្យជាដើម។

ភាពទាក់ទាញនៃទ្រព្យសកម្មហិរញ្ញវត្ថុ
ទ្រព្យសកម្មហិរញ្ញវត្ថុមានភាពទាក់ទាញតាមរយៈការរំលេចឲ្យឃើញភាពងាយស្រួលក្នុងការប្រើប្រាស់ លទ្ធភាពប្រើប្រាស់និងទិន្នផលធៀបរវាងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យសកម្មផ្សេងៗទៀតជាមួយនឹងកម្រិតហានិភ័យក្នុងការថែរក្សាទ្រព្យធនទាំងនោះ។

ទិន្នផលទ្រព្យសកម្មហិរញ្ញវត្ថុ
ទិន្នផលទ្រព្យសកម្មហិរញ្ញវត្ថុប្រែប្រួលទៅតាមថ្លៃ។ ប្រសិនបើថ្លៃកើនឡើងនោះបរិមាណទំនិញ សេវាដែលអាចទិញបានដោយព្រព្យសកម្មហិរញ្ញវត្ថុនឹងថយចុះ។

អ្វីដែលជាកង្វល់របស់ប្រជាជននោះគឺ ទិន្នផលពិត និងអត្រាការប្រាក់ពិត ទិន្នផលពិតគឺផលដករវាងទិន្នផលមានតែនាមនិងបម្រែបម្រួលថ្លៃ។ អត្រាការប្រាក់ពិត គឺផលដករវាងអត្រាការប្រាក់មានតែនាម និងបម្រែបម្រួលថ្លៃ។ ដូចនេះក្នុងការផ្ដល់ទិន្នផលទ្រព្យសកម្មហិរញ្ញវត្ថុ គេត្រូវគិតគូរពីបម្រែបម្រួលថ្លៃនិងកម្រិតឥទ្ធិពលរបស់វាទៅលើតម្លៃទ្រព្យធនហិរញ្ញវត្ថុ។

កម្រិតហនិភ័យ
ជាទួទៅ កម្រិតហានិភ័យមានទំនាក់ទំនងទៅនឹងការកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ។ នៅក្នុងប្រទេសអភិវឌ្ឍ រូបិយប័ណ្ណ និងប្រាក់បញ្ញើក្នុងធនាគារពាណិជ្ជកម្មនានាជាទ្រព្យធនដែលគ្មានមានហានិភ័យទាប។

ឥណទេយ្យភាគហ៊ុនសហគ្រាសៈ គឺជាមូលប័ត្រផ្ដល់សិទ្ធិដល់ម្ចាស់ភាគហ៊ុន ឬអ្នកកាន់ប័ណ្ណបំណុលក្នុងការទារបំណុលដោយតម្រូវឲ្យក្រុមហ៊ុនសាជីវកម្មទូទាត់សងភាគលាភដែលក្រុមហ៊ុនជំពាក់ ការប្រាក់ប្រាក់កម្ចីដែលដល់កំណត់សង។

ឥណទេយ្យហិរញ្ញវត្ថុៈ គឺជាបំណុលកាតព្វកិច្ចដែលសាជីវកម្មត្រូវទូទាត់ភាគលាភ ដល់ម្ចាស់ភាគហ៊ុន និងទូទាត់ការប្រាក់ព្រមទាំងប្រាក់ដើមនៃបំណុលដែលត្រូវដល់ពេលកំណត់សងដល់អ្នកាន់ប័ណ្ណបំណុល ម្ចាស់បំណុលផ្សេងៗដែលមានជាប់ជាមួយនឹងកម្រិតហានិភ័យ។

ការបែងចែកធនធាន
ប្រទេសផ្សេងគ្នាជ្រើសរើសដំណោះស្រាយផ្សេងគ្នាចំពោះបញ្ហាបែងចែកធនធាន។ រដ្ឋក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើនតែងផ្ដោតការយកចិត្តទុកដាក់ទៅលើការធ្វើអន្ដរាគមន៌ក្នុងការបែងចែកធនធាន។

នៅក្នុងករណីមានការអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុធ្វើសេចក្ដីសម្រេចអំពីរបៀបបែងចែកឥណទាន  គេនឹងបែងចែកធនធានដែលមានទៅឲ្យសហគ្រាសណាដែលមានអត្រាចំណូលហិរញ្ញវត្ថុខ្ពស់ជាងគេ ពោលគឺសហគ្រាសដែលមានមូលដ្ឋានប្រាក់ចំណេញខុសគ្នាពីអត្រាចំណូលសេដ្ឋកិច្ច មានន័យថា ស្ថាប័នហិរញ្ញវត្ថុបែបវិមជ្ឈការអាចបែងចែកឥណទានយ៉ាងមានប្រសិទ្ធិភាពទៅឲ្យគម្រោងវិនិយោគ តែក្នុងករណីដែលថ្លៃវត្ថុធាតុដើមនិងថ្លៃផលិតផលមានលក្ខណៈសមស្របប៉ុណ្ណោះ ពីព្រោះការវិនិយោគខ្លះអាចចំណេញដោយសារតែមានការឧបត្ថម្ភយ៉ាងច្រើនដល់តម្លៃវត្ថុធាតុដើមដែលសហគ្រាសប្រើប្រាស់ក្នុងការវិនិយោគប៉ុណ្ណោះ។

មូលហេតុដែលនាំឲ្យមានការអន្ដរាគមន៌ពីរដ្ឋក្នុងការបែងចែកហិរញ្ញវត្ថុ គឺដោយសារទីផ្សារហិរញ្ញវត្ថុមិនមានដំណើរការពេញលេញ។ ភាពមិនពេញលេញពីរយ៉ាងដែលកើតមានក្នុងទីផ្សារហិរញ្ញវត្ថុភាគច្រើន៖
·         ស្ថាប័នហិរញ្ញវត្ថុមានមូលដ្ឋានក្នុងទីប្រជុំជនមិនចង់ផ្ដល់កម្ចីទៅឲ្យផ្នែកកសិកម្ម។
·         រដ្ឋធ្វើអន្ដរាគមន៌ក្នុងការបែងចែកឥណទានជាទូទៅក្នុងគោលបំណងលើកទឹកចិត្តឲ្យមានការផ្ដល់មូលនិធិចំពោះផ្នែក តំបន់ដែលមានអាទិភាពខ្ពស់។

ប្រភេទផ្សេងៗនៃស្ថាប័នហិរញ្ញវត្ថុ និងតួនាទី
ធនាគារកណ្ដាល
ធនាគារកណ្ដាមានតួនាទី៖
·         ទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន និងរូបិយវត្ថុសរុបក្នុងប្រព័ន្ធទាំងមូល
·         គ្រប់គ្រងនិងត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុដ៏ទៃទៀតដោយប្រុងប្រយ័ត្នដើម្បីធានាថាស្ថាប័នហិរញ្ញវត្ថុនានាបានគោរពតាមច្បាប់ និងមានការគ្រប់គ្រងដើម្បីភាពរឹងមាំ និងសុខុមាលភាព ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន
·         គ្រប់គ្រងអត្រាការប្រាក់ដែលជាការរួមចំណែកគ្រប់គ្រងអតិផរណា

ធនាគារពាណិជ្ជ
ធនាគារពាណិជ្ជ គឺជាស្ថាប័ន​​ហិរញ្ញវត្ថុធំៗដែលជាអ្នកបង្កើតដ៏សំខាន់នូវប្រាក់បញ្ញើតាមតម្រូវការប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើសន្សំ។

ធនាគារអភិវឌ្ឍន៌
ធនាគារអភិវឌ្ឍន៌ មានច្រើននៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ស្ថាប័ននេះមានតួនាទីតិចតួចក្នុងការប្រមូលប្រាក់បញ្ញើ។ ធនាគារអភិវឌ្ឍទទួលខុសត្រូវក្នុងការផ្ដល់ទ្រព្យសកម្មរយៈពេលវែងឲ្យវិនិយោគិន តាមរយៈការផ្ដល់កម្ចីរយៈពេលវែងជាមួលដ្ឋានហិរញ្ញប្បទានសម្រាប់ការវិនិយោគ។ ជាទូទៅធនាគារអភិវឌ្ឍន៌ ពុំសូវទទួលជោគជ័យក្នុងការប្រមូលទុនទេ លើកលែងទុនដែលបានមកពីរដ្ឋ និង​​ស្ថាប័នហិរញ្ញវត្ថុពហុភាគី។

ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនផ្សេងៗ
នៅប្រទេសភាគច្រើន មានប្រភេទស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដូចជាក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុនហ៊ុនភតិសន្យា (ក្រុនហ៊ុនស៊ីឈ្នួល)ជាដើម។

ទីផ្សារមូលប័ត្រ
ទីផ្សារមូលប័ត្រ គឺជាប្រភេទហិរញ្ញវត្ថុដែលមិនឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុ ប៉ុន្ដែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្ដល់កម្ចី និងកម្ចីសម្រាប់ការផ្ដល់វិនិយោគ។

ទីផ្សារមូលប័ត្រ ទីផ្សារភាគហ៊ុន គឺជាទីកន្លែងដែលដឹកនាំមូលនិធិក្រោមរូបភាពលក់ទិញភាគហ៊ុនពីបុគ្គល អង្គភាពអាជីវកម្មដែលគ្មានឳកាសប្រើប្រាស់វា ដើម្បីផ្ដល់ទុនវិនិយោគឲ្យបុគ្គល អង្គភាពអាជីវកម្មដែលមានឳកាសវិនិយោគតែពួកគេខ្វះទុន។

បណ្ដាញផ្សេងៗ
ឥណទានពាណិជ្ជកម្ម គឺជាប្រភពហិរញ្ញវត្ថុមួយផ្សេងទៀត (ការទិញទំនិញជំពាក់)

ទិដ្ឋភាពមួយទៀតអំពីការផ្ដល់ឥណទានគឺប្រព័ន្ធឲ្យខ្ចីប្រាក់ក្រៅផ្លូវការ។ ការចងការប្រាក់ គឺជាផ្នែកសំខាន់មួយនៃហិរញ្ញវត្ថុក្នុងសហគមន៌ជនបទ។

ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុ
ថ្លៃដើមសេវាហិរញ្ញវត្ថុ
មធ្យោបាយដើម្បីបង្កើនការកៀងគរមូលធនក្នុងស្រុក គឺការធ្វើឲ្យអត្រាការប្រាក់ជាក់ស្ដែងខ្ពស់ជាងមុនដែលធ្វើឲ្យមានការទាក់ទាញអ្នកផ្ញើប្រាក់ក្នុងស្រុកឲ្យងាកមករក្សាទ្រព្យធននៅក្នុងស្ថាប័នហិរញ្ញវត្ថុ។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ធានា​ជោគ​ជ័យ
ដើម្បីធានា​ជោគជ័យ ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ត្រូវ​មាន​ព័ត៌មាន​អំពី​ប្រព័ន្ធ​គណនី​និង​សវនកម្ម គោលការណ៌​ច្បាប់ និយ័តកម្ម បម្រុង​ប្រយ័ត្ន និង​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ។
1.    ព័ត៌មានៈ អំពី​ប្រព័ន្ធ​គណនេយ្យ និង​សវនកម្ម
2.    កិច្ច​សន្យាហិរញ្ញវត្ថុៈ គឺ​ជា​កិច្ច​សន្យា​មាន​កាល​កំណត់ ពោលគឺ​រូបិយវត្ថុ​ដែល​ត្រូវ​បាន​ឲ្យខ្ចីសម្រាប់​​រយៈពេល​មួយ​ជាកំណត់ មិន​ត្រូវ​ទារ​ឲ្យ​សង​មុន​កាលកំណត់ឡើយ
3.    បទបញ្ជាប្រុងប្រយ័ត្នៈ គឺ​ជា​វិធានការណ៌​ដែល​ដាក់​ចេញ​ដោយ​ធនាគារ​កណ្ដាល​ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិការ​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ។
4.    អត្រាការ​ប្រាក់​ជា​ថ្លៃៈ អត្រា​ការ​ប្រាក់ គឺ​ជាថ្លៃ​ដែល​ត្រូវ​ទទួល​បាន ឬ​ចំណាយសម្រាប់​​ការ​វិនិយោគ ឬ​ប្រើប្រាស់​មូលនិធិ​នៅក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ។
5.    ការ​បងើ្កត​ទីផ្សារ​ហិរញ្ញវត្ថុៈ វា​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​បង្កើត​ទីផ្សារ​ហិរញ្ញ​វត្ថុ តែ​គេ​អាច​ចាប់​ផ្ដើម​ពី​ការ​បង្កើត​ទីផ្សារ​ហិរញ្ញ​វត្ថុ​ដែល​ងាយ​បង្កើត​ជាង​គេ​បំផុតគឺ​ ទីផ្សារ​ប័ណ្ណ

No comments:

Post a Comment